អំពីអគ្គលេខាធិការដ្ឋាននៃ ក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា (វ.ប​) ​មាន​សារៈ​សំខាន់​យ៉ាងខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​ ។ ​គេបាន​ដឹងថា ជា​ការ​ពិត​ដែល​គ្មាន​ជាតិសាសន៍​ណា​អាច​អភិវឌ្ឍន៍​ ដោយ​មិន​ចាំបាច់​មាន​វិទ្យា​សា​ស្រ្ត​និង​ប​ច្ចេ​ក​វិទ្យា​ មិន​ថា​ជាតិ​សាសន៍​​នោះ​ត្រូវបានប្រទានអោយនូវ​ធនធាន​ធម្ម​ជាតិសម្បូរស្ដុកស្តមក៏ដោយ ។ វិទ្យា​សា​ស្រ្ត​និង​ប​ច្ចេ​ក​វិទ្យា​គឺ​ជា​អ្វី​? វិទ្យា​សា​ស្រ្ត​គឺ​ជា​ការ​សិក្សា​ស្វែងយល់ដោយ​ពឹង​ផ្អែក​លើ​ការពិនិត្យ​និង​ការ​ធ្វើ​តេ​ស្តសាកល្បងរក​ការពិត​ដែល​ផ្ដល់​​ជា​ចំណេះដឹង​អាច​ត្រូវ​បានប្រើប្រាស់ក្នុងការរៀបចំជា​ប្រព័ន្ធ​មួយ​សម្រាប់បម្រើជាប្រយោជន៍មនុស្សជាតិ រីឯ​ប​ច្ចេ​ក​​វិទ្យា​គឺ​ជាការអនុវត្ត​ជាក់ស្តែងពី​ចំ​នេះ​ដឹងនៃ​វិទ្យា​សា​ស្រ្ត​ ។ ប្រទេសជាតិដែលមានការ​អភិវឌ្ឍខ្ពស់នៃ​ពិភព​លោក​​ដូចជា​ ប្រទេសអា​មេ​រិ​ក ​ប្រទេស​អាល្លឺម៉ង់​ ប្រទេស​បារាំង ។ល។​ មាន​មោទនភាព​ដោយការរកឃើញ​ផ្នែក​វិទ្យា​សា​ស្រ្ត​​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​គេ​ត្រូវ​បាន​វាយតម្លៃ​ថា​ជា​មហា​អំណាច​ពិភពលោក​។ វិទ្យា​សា​ស្រ្ត​ និង​ប​ច្ចេ​ក​វិទ្យា​គឺ​​ជាចលករនៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ ​។ ជាតិ​មួយ​ដែលគ្មាន​វិទ្យា​សា​ស្រ្ត​និង​ប​ច្ចេ​ក​វិទ្យា ​ឬត្រូវ​ពឹងផ្អែក​លើ​វិទ្យា​សា​ស្រ្ត​និង​ប​ច្ចេ​ក​វិទ្យា​នៃ​ប្រទេស​ដទៃ​ ​​គឺ​​ជា​ជាតិ​សាសន៍ដែលដើរតោង​ក្រោយ​គេ ហើយបើមាន​ឯករាជ្យក៏ត្រឹមតែសំបកក្រៅប៉ុណ្ណោះ​ ។ ​​ជាតិ​សាសន៍​នេះ​នឹង​ត្រូវ​បាន​ចាត់​ទុកថាមិនអភិវឌ្ឍ ។ វិទ្យា​សា​ស្រ្ត ​និង​ប​ច្ចេ​ក​វិទ្យា​ផ្សា​ភ្ជាប់​ជាមួយ​ទំនើបកម្ម ​ហើយ​វា​គឺ​ជាឧបករណ៍​សំខាន់​សម្រាប់​ការ​អភិវឌ្ឍអោយបាន​ឆាប់​រហ័ស ​។ ឧបករណ៍​​ទំនើប​សម្រាប់​សម្រួល​កិច្ចការ​ និង​ការ​រស់​នៅ​របស់​មនុស្ស​គឺជាលទ្ធផលនៃការរកឃើញ​នៃ​វិទ្យា​សា​ស្រ្ត ​និង​ប​ច្ចេ​ក​វិទ្យា ​។ អគ្គីស​នី​ ​យន្តហោះ​ ទូរ​ស័​ព្ទ ទូរទស្សន៍​ កុំព្យូទ័រ ​និង​​ម៉ាស៊ីនដទៃ​ទៀត​មិន​អាច​ត្រូវ​បាន​បង្កើត​ដោយគ្មាន​ការរកឃើញនៃ​វិទ្យា​សា​ស្រ្ត​និង​ប​ច្ចេ​ក​វិទ្យាឡើយ ​។ វិទ្យា​សា​ស្រ្ត​ និង​ប​ច្ចេ​ក​វិទ្យា​ក៏​មាន​សារៈ​សំខាន់​ខ្លាំង​ផង​ដែរ​នៅ​ក្នុង​ការ​ផលិត​​ថ្នាំ​និង​ការ​ព្យាបាល​ជំងឺ ​។ ប្រទេស​ជាតិ​មួយ​ដែល​ខ្វះ​វិទ្យា​សា​ស្រ្តនិង​ប​ច្ចេ​ក​វិទ្យា​​ចាំបាច់នៅ​ក្នុងវិស័យ​នេះ​នឹង​ត្រូវ​ពឹង​ផ្អែក​លើ​ប្រទេស​មាន​ការ​អភិវឌ្ឍ​ផ្សេង​ទៀតសម្រាប់​អត្ថិភាព​នៃ​ប្រជាជន​របស់​ខ្លួន ​។ ​ប្រទេស​មួយបែបនេះ​មិន​អាច​ត្រូវ​បាន​គេចាត់ទុក​ថា ​ឯករាជ្យ​ទេ ព្រោះ​ត្រូវ​អាស្រ័យ​លើកបិចិត្តឬតាមតែការគិតឃើញនៃ​ប្រទេស​ផ្សេង​ទៀតដែលមាន​វិទ្យា​សា​ស្រ្ត​ និង​ប​ច្ចេ​ក​​វិទ្យាចាំបាច់នោះ​ដើម្បី​រស់​នឹងគេ ។ ការ​អភិវឌ្ឍ​នៃ​ប្រទេស​​មួយ​អាស្រ័យ​​លើ​វិទ្យា​សា​ស្រ្ត​ និង​ប​ច្ចេ​ក​វិទ្យា​ដែល​ជាតិសាសន៍​នៃប្រទេស​នោះ​មាន ឬត្រូវរង់ចាំគេ​អោយ ​។ ប្រជាជាតិ​ដែលមានភាព​រឹងមាំ​និងខ្លាំងក្លាគឺ​ជា​ប្រជាជាតិ​មួយ​ដែល​មាន​ប​ច្ចេ​ក​វិទ្យា​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ឱ្យ​ប្រជាជន​របស់​ខ្លួន​មាន​ផាសុកភាព និងអនុភាព ​។ ប្រទេស​ជាតិដែល​គ្មាន​​វិទ្យា​សា​ស្រ្ត​និង​ប​ច្ចេ​ក​វិទ្យា​ក៏​មិន​អាចចិញ្ចឹម​ប្រជាជន​របស់​ខ្លួនបាន​ដោយ​សារ​តែ​វិស័យ​កសិកម្មក៏ត្រូវការ​វិទ្យា​សា​ស្រ្ត​និង​ប​ច្ចេ​ក​វិទ្យា​សម្រាប់​​​​ផលិត​ម្ហូប​អាហារអោយបានគ្រប់គ្រាន់ ​។ ប្រទេស​កម្ពុជា ​វាយតម្លៃខ្ពស់ចំពោះ​ដៃ​គូ​អភិវឌ្ឍន៍​របស់​ខ្លួន​ក្នុង​ការ​ចែក​រំលែក​​វិទ្យា​សា​ស្រ្ត​ និង​ប​ច្ចេ​ក​វិទ្យា និងជួយ​ដល់​ការ​អភិវឌ្ឍសេដ្ឋកិច្ច-​សង្គម​ ក្នុងបំណងជំនះ​ពេល​វេលា​ដែលត្រូវបានខ្ជះខ្ជាយ​ក្នុង​រយៈ​ពេល​សោក​នាដ​កម្ម​របស់​ខ្លួន ​។ អាស្រ័យដោយធនធាន​មាន​កំរិត ​វា​មាន​សារៈសំខាន់​ណាស់​ដែល​ការ​អភិវឌ្ឍ​នៃ​វិទ្យា​សា​ស្រ្ត​និង​ប​ច្ចេ​ក​វិទ្យាត្រូវមាន​កិច្ច​ខិតខំ​ប្រឹងប្រែងព្រមគ្នា​ និង​ផ្តោ​ត​លើ​ទិសដៅ​រួមមួយ ។ ក្នុងន័យនេះកម្ពុជាវាយ​តម្លៃ​ខ្ពស់​ចំពោះការគាំទ្រ​នៃ​សាធារណរដ្ឋ​កូរ៉េ​ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍផែនការមេជាតិ​វិទ្យា​សាស្រ្ត​​ និង​បច្ចេកវិទ្យា 2014-2020 ដោយផ្តោ​ត​ទៅ​លើ​ការ​បង្កើតអោយមានប្រព័ន្ធជាមូលដ្ឋានគ្រឹះនៃវិទ្យា​សាស្រ្ត​​ និង​បច្ចេកវិទ្យា, ​ធ្វើ​អោយ​កាន់តែសកម្មនូវបរិយាកាសនៃ វិទ្យា​សាស្រ្ត​​ និង​បច្ចេកវិទ្យា, បង្កើត​អោយ​មាន​សមត្ថភាព​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍ, ​ពង្រឹង​សមត្ថភាព​​ឧស្សាហកម្ម​ស្នូលផ្អែកលើ វិទ្យា​សាស្រ្ត​​ និង​បច្ចេកវិទ្យា ជាមូលដ្ឋាន ​។ វ៉េ​ប​សាយ​នេះ​គឺ​ជា​ការ​ប៉ុន​ប៉ងមួយ​ដើម្បី​ផ្តល់​ព័ត៌មាន​លម្អិត​ពី​ផែនការ​មេវិទ្យា​សាស្រ្ត​​ និង​បច្ចេកវិទ្យា និង​ដើម្បី​ជួយសម្របសម្រួលនិង​​ជួយ​សំ​រួល​ដល់​ការ​អភិវឌ្ឍ​វិទ្យា​សាស្រ្ត​​ និង​បច្ចេកវិទ្យានា​ពេល​អនាគតនៅ​កម្ពុជា​។
ឯកសារ
រូបភាព ចំណងជើង ទំហំ សកម្មភាព
No Image អនុក្រឹត្យស្ដីពីការរៀបចំ និងប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា 18035 KB Download
No Image ព្រះរាជក្រឹត្យស្តីពីការបង្កើត ក.ជ.វ.ប. 2308 KB Download