ថ្លែងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអគ្គរដ្ឋទូត បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ និងគ្រប់កម្រិតនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ ភាគីទាំងពីរ បានប្តេជ្ញាបន្តលើកកម្ពស់និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ស្របតាមស្មារតីមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ ទំនាក់ទំនងយូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ក្នុងជំនួប ឯកឧត្តម Nguyen Minh Vu បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទ្វេភាគីនៃប្រទេសទាំងពីរ នៅដើមឆ្នាំ២០២៥នេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានបំពេញផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយវៀតណាម គឺជាប្រទេសធំទី២ ដែលកម្ពុជាបាននាំទំនិញចូលប្រទេសវៀតណាម។ ឯកឧត្តមបានបន្ថែមថា ក្នុងឆ្នាំនេះ ឯកឧត្តមមានជំនួបជាមួយអ្នកវិនិយោគិនវៀតណាម ក្នុងវេទិកាធុរកិច្ចដែលមានក្រុមហ៊ុនចូលរួមប្រមាណ១៥០ក្រុមហ៊ុន សុទ្ធសឹងជាក្រុមហ៊ុនមានបំណងចង់វិនិយោគនៅកម្ពុជា។ ក្នុងវេទិកានេះ ឯកឧត្តម នឹងផ្សព្វផ្សាយពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងកៀរគរក្រុមហ៊ុនទាំងនោះ ឱ្យមកវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអគ្គរដ្ឋទូត ដែលមានបំណងជំរុញកៀរគរអ្នកវិនិយោគវៀតណាមមកកម្ពុជា និងបានគូសបញ្ជាក់ជូនថា ក្នុងអាណត្តិទី៧នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីសម្រួល និងទាក់ទាញវិនិយោគិនពីគ្រប់មជ្ឈដ្ឋានមកកម្ពុជា។ តាមរយៈកត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា បានធ្វើឱ្យវិនិយោគិនទាំងក្នុង និងក្រៅស្រុកជឿជាក់មកលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានបោះទុនវិនិយោគជាបន្តបន្ទាប់។ ក្នុងជំនួបផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ភាគីវៀតណាម ជួយដល់ការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាលើជំនាញផែនការ និងស្ថិតិ, ការតាមដានត្រួតពិនិត្យ និងវាយតម្លៃ, ព្រមទាំងផ្នែកប្រព័ន្ធបច្ចេកវិទ្យា ដែលប្រើប្រាស់ក្នុងការធ្វើជំរឿន និងអង្កេតនៅកម្ពុជា។


